ថ្ងៃនេះកម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងត្រែង ចាប់ផ្តើមអនុវត្តន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមអនុក្រឹតលេខ៣៩ អនក្រ.បក នៅតាមគោលដៅ សំខាន់ៗ ក្នុងខេត្តស្ទឹងត្រែង


ថ្ងៃកម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងត្រែង ចាប់ផ្តើមអនុវត្តន៍ ការរឹតបន្តឹងច្បាប់ចរាចរណ៍ តាមអនុក្រឹតលេខ៣៩ អនក្រ.បក នៅតាមគោលដៅ សំខាន់ៗ ក្នុងខេត្តស្ទឹងត្រែង

រូបភាព & អត្ថបទ .លោក គាន កក្កដា
មន្ទីរព័ត៌មានខេត្ត
01/05/2020

(ស្ទឹងត្រែង)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលដឹកនាំផ្ទាល់ ដោយ លោកឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត ទទួលបន្ទុកផែនចរាចរណ៍ផ្លូវគោក ក្រោមការបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង ចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ទៅ៥ដង ។

បើតាមការឲ្យដឹងពី លោក ឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី បានឲ្យដឹងថា ÷ សម្រាប់ខេត្តស្ទឹងត្រែង នៅថ្ងៃ ១ ឧសភា នេះ កម្លាំងនគរបាលខេត្ត បានដាក់ពង្រាយនូវគោលដៅ សំខាន់ៗ ចំនួន ១៣ គោលដៅ តាមបណ្តោយស្រុក និង ក្រុង ក្នុងខេត្តស្ទឹងត្រែង . ក្នុងនោះក៏មាន ផ្លូវជាតិ សំខាន់ៗ ចំនួន ៣ ផងដែរ គឺ រួមមាន÷
•ផ្លូវជាតិ លេខ ៧ ( ស្ទឹងត្រែង _ ក្រចេះ ).
•ផ្លូវជាតិ លេខ ៧៨ ( ស្ទឹងត្រែង _ រតនគិរី ).
•និងផ្លូវជាតិ លេខ ៩ ( ស្ទឹងត្រែង _ ព្រះវិហារ ) ។

លោក ឧត្តមសេនីយ៍ត្រី បានបន្តឲ្យដឹងថា÷ វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺបានដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ។

ជាចុងក្រោយ លោក ឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី បានបញ្ជាក់ថា÷ នៅក្នុងថ្ងៃអនុវត្តតាមអនុក្រឹត្យ លេខ៣៩ របស់ក្រសួងមហាផ្ទៃ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី យើងធ្វើផាកពិន័យ ទៅអ្នកដែលល្មើសច្បាប់ ដោយមិនយោគយល់ និង ព្រមទាំងធ្វើការណែនាំ និងផ្សព្វផ្សាយដល់ពួកគាត់ អំពី ច្បាប់ចរាចរណ៍ ថ្មី នេះ ដើម្បីឲ្យពួកគាត់ធ្វើការផ្សាយបន្តទៅ ក្រុមគ្រួសារ របស់គាត់ និង នៅតាមមូលដ្ឋាន ផងដែរ ។