ពិធីប្រកាសស្ដីពីការចូលកាន់មុខតំណែងប្រធានគណ:កម្មាធិការគណបក្សក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង


ពិធីប្រកាសស្ដីពីការចូលកាន់មុខតំណែងប្រធានគណ:កម្មាធិការគណបក្សក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី គណៈកម្មាធិការគណបក្សក្រុង បានរៀបចំពិធីប្រកាស លោក សាយ កុសល ចូលកាន់មុខតំណែងប្រធានគណ:កម្មាធិការគណបក្សក្រុងស្ទឹងត្រែង នៅមន្ទីរបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។

មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត សមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សក្រុងស្រុក ព្រមទាំង លោក/លោកស្រី អនុប្រធាន សមាជិក គណៈកម្មាធិការគណបក្សក្រុង ប្រធានសាខាបក្សចំណុះគណៈកម្មាធិការគណបក្សក្រុង ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទាំងបួន និងប្រធានសាខាគណបក្សភូមិទាំង១៧ នៃក្រុងស្ទឹងត្រែង។

ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបានមានប្រសាសន៍ថា ការផ្លាស់ប្តូរ កែសម្រួលភារកិច្ច របស់មន្ត្រីគណបក្សប្រជាជន គឺជាប្រពៃណីសម្រាប់ មន្ត្រីយើងគ្រប់រូបទាំងអស់គ្នា ។ ម៉្យាងទៀតការកែសម្រួលភារកិច្ច និង តម្លើងឋានៈ តួនាទី ភារកិច្ច គឺជាការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជន ក្នុងការពង្រឹង ពង្រីកនូវវិសាលភាព ក្នុងជួរគណបក្ស ពីថ្នាក់លើដល់មូលដ្ឋាន ដែលជាគ្រឹះដ៏រឹងមាំរបស់គណបក្ស ដែលជាកត្តាមួយក្នុងការដណ្តើម នូវភាពជោគជ័យទៅពេលអនាគត ។

ឯកឧត្តម ម៉ុម សារឿន ក៏បានក្រើនរំលឹកដល់ ប្រធានគណ:កម្មាធិការគណបក្សក្រុងស្ទឹងត្រែង ដែលទើបចូលកាន់តំណែងថ្មីនេះ ត្រូវតែអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាម លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ពង្រឹងសាមគ្គីភាពជាធ្លុងមួយ ក្នុងការងារផ្ទៃក្នុងរបស់គណបក្ស ឲ្យកាន់តែរឹងមាំ ទាំងខាងនយោបាយ សតិអារម្មណ៍ និងការចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះ គ្រប់ការបោះឆ្នោតជាបន្តបន្ទាប់នៅអាណត្តិក្រោយៗទៀតផង ៕