កម្មករក្រុមហ៊ុនសាងសង់ទីបញ្ជាការរបស់កងទ័ពចំនួន ៣៤នាក់ ត្រូវបានដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃ ក្រោយវិលត្រឡប់ពីស្រុកកំណើត


កម្មករ ក្រុមហ៊ុនសាងសង់ទីបញ្ជាការរបស់កងទ័ពចំនួន ៣៤នាក់ ត្រូវបានដាក់អោយនៅដោយឡែកចំនួន១៤ថ្ងៃ ក្រោយវិលត្រឡប់ពីស្រុកកំណើត

លោកវេជ្ជ. ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យសុខភាព នឹងអប់រំ ដល់កម្មករ កម្មការនី ចំនួន៣៤នាក់ របស់ក្រុមហ៊ុនសាងសង់ទីបញ្ជាការរបស់កងទ័ព ដែលទើបវិលត្រលប់មកស្រុកកំណើត អោយរស់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលនៃ ជំំកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ប្រធានក្រុមការងារឆ្លើយតបបន្ទាន់ខេត្ត មានប្រសាសន៍ក្នុងឱកាសនោះថា ដើម្បីអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជំំំងឺកូវីដ -១៩ កម្មករ កម្មការនី ដែលទើបវិលត្រឡប់ចូលខេត្តស្ទឹងត្រែងដើម្បីបម្រើការងារវិញ បន្ទាប់ពីបានទៅលេងស្រុកកំណើតក្នុងអំឡុងពេល ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងមកនេះ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ។

លោកវេជ្ជបណ្ឌិត ក៏បានណែនាំពីវិធានការមួយចំនួនក្នុងការការពារ បង្ការ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដល់កម្មករ កម្មការីដែលនឹងត្រូវដាក់អោយរស់នៅដោយឡែកទាំង៣៤នាក់ ដូចជា៖ ទី១៖ ត្រូវលាងដៃ និងសាប៊ូទឹកស្អាត ឬទឹកអាល់កុលឲ្យបានញឹកញាប់។ ទី២៖ នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម បន្ទាប់មកលាងដៃរបស់អ្នកជាមួយសាប៊ូ និងទឹកស្អាត។ ទី៣៖ បើសិនមានស្ថានភាពមិនស្រួលក្នុងខ្លួនដូចជា ពិបាកដកដង្ហើម គ្រុនក្ដៅ ក្អក កណ្ដាស់ ត្រូវទំនាក់ទំនងជាមួយគ្រូពេទ្យឲ្យបានទាន់ពេលវេលា៕